ព័ត៌មានជាតិ

បុរសជនជាតិឥស្លាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ករណីចរាចរណ៍រូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ

ស្ទឹងត្រែង: នៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបករណីបទដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ ចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជនរងគ្រោះចំនួន ៣នាក់៖
១-ឈ្មោះ នី ណាវី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
២-ឈ្មោះ ផ្លុង ប៊ុនស ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិ-ឃុំ ជាមួយគ្នាខាងលើ។
៣-ឈ្មោះ ហ៊ឹម ស៊ាងហួន ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំ ជា មួយគ្នាខាងលើ។

បាននាំគ្នាជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ចអាវុធហត្ថនៅកន្លែងស្នាក់ការសន្តិសុខ៧២២ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះបានយកលុយក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់របស់ពួកគាត់។
ដោយបានការអនុញ្ញាតពីលោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការត្រួតពិនិត្យក្នុងហោប៉ៅ និងក្រោមកែប ម៉ូតូរបស់ជនសង្ស័យចាប់យកវត្ថុតាងរួមមាន៖ ក្រដាសប្រាក់ ១ម៉ឺនរៀលក្លែងក្លាយចំនួន ១៨សន្លឹក ក្រដាសប្រាក់ ១០ដុល្លារក្លែងក្លាយចំនួន ១១សន្លឹក លុយរៀលសុទ្ធចំនួន ៧,៤៨៥,០០០រៀល និងម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2RB-3668។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងរក្សាទុកនិងឃាត់ខ្លួនក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

មតិយោបល់