ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ យកម៉ូតូស៊េរីចាស់មកផ្ញើ បន្លំយកម៉ូតូថ្មី ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យជំនាញកាចសោកម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី២ ឃាត់បានភ្លាមៗ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២០ នៅទីតាំងផ្ញើម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សួន ប៊ុន្នី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ម៉ែន ចន្ទសុខារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះយកម៉ូតូមកផ្ញើនៅកន្លែងកើតហេតុដូចសព្វដង ស្រាប់តែជនសង្ស័យ បានយកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់មកធ្វើជាដាក់ផ្ញើ ដើម្បីបន្លំដូរយកម៉ូតូថ្មី ស្របពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពបណ្តើរម៉ូតូជនរងគ្រោះចេញ ត្រូវបានអ្នកមើលការនៅទីនោះ ឃើញក៏ស្រែកផ្អើលឆោឡោ តាមចាប់ជនសង្ស័យបានភ្លាមៗ រាយការណ៍ជូនសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍កាកាបទី២ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

មតិយោបល់