កំពង់ធំៈ បន្ទាប់ពីធីក្រុងពាលី ដ៏មានរឹទ្ធានុភាព មួយបានកើតឡើង កាលពី ដើមខែសីហា ឆ្នាំ២០១៦ ដើម្បីនាំរូបសំណាក់តោថ្មី មកតាំងនៅគល់ស្ពានស្ទឹងសែន ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជំនួសរូប សំណាក់តោចាស់នោះ បានធ្វើឲ្យមានការបំភ្លៃ ព័ត៌មានជាច្រើន តាមបណ្ដាញ សង្គមហ្វេសបុក និងពាក្យចចាមអារ៉ាម ពីប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ។
ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកសារព័ត៌មាន បានស្វែងរកព័ត៌មាន ជូនដល់សាធារណៈជន ដើម្បីទទួលបានព័ត៌មានពិតប្រាកដ និងតម្លាភាព ។ យោងតាមឯកសារ របស់លោក បេ តៃសែ ប្រធានសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបង្ហាញឲ្យឃើញថា ដោយសារមានអ្នកមិនដឹងថា បាត់តោថ្មបុរាណ ឈរនៅគល់ ស្ពានស្ទឹងសែន ទៅណា ទើបខ្ញុំ(បេតៃសែ) បញ្ចេញព័ត៌មាននេះម្ដងទៀត។
រូបសំណាក់តោចាស់ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើមកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ ដើម្បីយកទៅជួសជុល នៅសារមន្ទីរជាតិ និងមានគំរោង យកទៅតាំងនៅ(សារមន្ទីរធម្មជាតិ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន) នៅខេត្តព្រះវិហារ ហើយមូលហេតុ ដែលក្រសួង សម្រេចយកទៅដាក់តាំង នៅសារមន្ទីរ ខេត្តព្រះវិហារនេះ គឺ៖ ១. ទីតាំងសុវត្ថិភាព មិនដាក់ចោលហាលថ្ងៃ ហាលភ្លៀង គ្មានការថែរក្សា។ ២.តោនេះ ជាតោបុរាណ ដែលមានប្រភពដើម ចេញពីប្រសាទ កោះកេរ្ដិ៍ ដែលស្ថិតនៅក្នុងខេត្ត ព្រះវិហារ សព្វថ្ងៃនេះ។
ក្នុងនោះ សារមន្ទីរជាតិ ក៏បានផ្ញើ រូបភាព កំពុងជួសជុល ជាច្រើនរូប មកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ ដើម្បីជ្រាបជារបាយការណ៍ ហើយការធ្វើដូច្នេះ គឺដើម្បីថែរក្សា តោបុរាណ ឲ្យគង់នៅយូរអង្វែង ត្បិតពីមុន គេដាក់តាំង នៅហាលថ្ងៃ ហាលវាល ហាលភ្លៀងចោល ហើយថែមទាំង លាបថ្នាំពណ៌ និងទឹកស៊ីម៉ងត៍ ដែលរងការប៉ះពាល់ជាខ្លាំងដល់ថ្ម បណ្ដាលឲ្យឆាប់ខូច។ ហេតុដូច្នេះ ផ្នែកអភិរក្សថ្ម បានប្រើពេលជាច្រើនខែ ដើម្បីដាក់ពណ៌ និងកំណកស៊ីម៉ងត៍ នោះចេញដែល តម្រូវឲ្យការព្យាយាម និងអត់ធ្មត់ ដើម្បីធ្វើការងារនេះ ទៅតាមបទដ្ឋានបច្ចេកទេស។
សព្វថ្ងៃរូបចម្លាក់តោនេះ រក្សាទុកនៅរោងជាងអភិរក្សថ្ម នៅសារមន្ទីរជាតិនៅឡើយទេ ពុំទាន់សម្រេចចិត្ត តាំងនៅ សារមន្ទីរជាតិ ឬនៅសារមន្ទីរធម្មជាតិ សកលសម្ដេចហ៊ុន សែន នៅខេត្តព្រះវិហារនោះទេ បើត្រូវតាំងនៅសារមន្ទីរជាតិ ក៏ត្រូវពិនិត្យទីតាំងដែរ គឺតាំងឲ្យត្រូវតាមបច្ចេកទេស នៃសារមន្ទីរ (Museographie)៕
មតិយោបល់