ព័ត៌មានជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថា NATO មានកំហុសធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង

(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបន្ទោសអង្គការណាតូ (NATO) សម្រាប់ការចូលរួមចំណែកបង្កឲ្យមាន សង្រ្គាមអ៊ុយក្រែន តាមរយ:ការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះរបស់រុស្ស៊ី។

លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះថា «សង្រ្គាមអាចនឹងមិនកើតឡើង ប្រសិនបើណាតូ ស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមាជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយ:ពេលប៉ុន្មានឆ្នាំមកនេះថាការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើត នឹងនាំឲ្យមានអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង»។

លោកបន្ថែមថា «វាជារឿងសំខាន់ក្នុងការយល់ដឹងអំពីមូលហេតុនៃវិបត្តិនេះ ប៉ុន្តែមិនមែនបានន័យថា យើងយល់ស្របចំពោះការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនទេ។ យើងមិនអាចលើកលែងទោសចំពោះការប្រើកម្លាំង ឬការរំលោភច្បាប់អន្តរជាតិបានឡើយ»។

ក្រោយបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩១, ណាតូត្រូវបានរុស្ស៊ីចោទប្រកាន់ថាបានពង្រីកសម្ព័ន្ធភាព ដោយបញ្ចូលបន្ថែមអតីតប្រទេស នៅក្នុងកាតិកាសញ្ញាវ៉ាសូវី «Warsaw» និងអតីតសាធារណរដ្ឋសហភាពសូវៀត ទៅជាសមាជិករបស់ខ្លួន ដោយចាប់ផ្តើមពីប៉ូឡូញ ហើយក្រោយមក ទើបអ៊ុយក្រែន និងហ្ស៊កហ្ស៊ី បានស្នើសុំ ដើម្បីចូលរួមជាមួយប្លុកនេះ៕

ប្រភព៖​​​​​​ RT

មតិយោបល់