ភ្នំពេញៈ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងឲ្យដឹងថា មានប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាង៨០ភាគរយ បានស្រូបផ្សែងបារី ពីអ្នកជក់នៅក្នុងភោជនីយដ្ឋាន ឬនៅក្នុងអគារស្ថាប័នរដ្ឋ។
លោកវេជ្ជបណ្ឌិត មុំ គង់ បានធ្វើបទបង្ហាញក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តបរិសា្ថន គ្មានផ្សែងបារី នៅសាលាខណ្ឌពោធិ៍សែនជ័យថា “ភាគច្រើនបើមានអ្នកជក់តែម្នាក់ មានអ្នកស្រូបផ្សែងបារីរាប់រយអ្នក ប្រសិនបើគាត់ជក់នៅកន្លែងហ្នឹង ការស្រូបផ្សែងបារីពីអ្នកដទៃ គឺដកដង្ហើមចូលក្នុងសួត”។ ទីភ្នាក់ងាយបរិស្ថានរបស់សហរដ្ឋអាមរិកថា ការស្រូបផ្សែងបារីនៅក្នុងបរិស្ថាន បង្កឱ្យមានជំងឺមហារីកខ្លាំងជាងគេ។
លោកវេជ្ជបណ្ឌិតបន្ដថា មានពលរដ្ឋជាង៥០ភាគរយទទួលស្រូបផ្សែងបារី នៅក្នុងអាគារស្ថាប័នរបស់រដ្ឋ , ជាង៤០ភាគរយពេលធ្វើដំណើរតាមទីសាធារណៈ និង២០ភាគរយនៅក្នុងគ្រឹះស្ថានសុខាភិបាល។ ពលរដ្ឋជាង៨០ភាគរយបានគាំទ្រការហាមជក់បារី នៅក្នុងភោជនីដ្ឋាន អាហារដ្ឋាន និងវត្តអារាម សាលារៀន មន្ទីរពេទ្យនិងកន្លែងធ្វើការទាំងរដ្ឋនិងឯកជន។
នៅក្នុងផ្សែងបារីមានសារធាតុគីមីជាង៧០០០ប្រភេទ ភាគច្រើននៃសារធាតុទាំងនោះ គឺជាជាតិពុល និងជាតិដែលធ្វើឲ្យរលាកដល់កោសិកានិងបង្ករជាជំងឺដង្កាត់ផ្សេងៗ ក្នុងនោះមានជាតិគីមីជាង៧០ប្រភេទបបង្កឲ្យកើតជំងឺមហារីក។
សូមបញ្ជាក់ថា តាមរបាយការណ៍អង្គការសុខភាពពិភពលោកឲ្យដឹងថា ទូទាំងពិភពលោក មានមនុស្ស៦លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយមនុស្ស៦សែននាក់ បានស្លាប់ដោយសារការស្រូបផ្សែងបារីពីគេ ដោយឡែកនៅកម្ពុជាមានមនុស្សប្រមាណ៣០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺដែលបង្ករឡើងពីការប្រើប្រាស់ថ្នាំជក់៕
មតិយោបល់