ព័ត៌មានជាតិ

ជៀសវាងគ្រោះថ្នាក់ដល់ជីវិត កុំប្រើបា្រស់ឧបករណ៍ឆក់ត្រី! បុរសម្នាក់ ដេកស្លាប់ក្នុងទឹកយ៉ាងរន្ធត់

មណ្ឌលគិរី: កាលពីវេលាម៉ោង ០៣និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចអូរផ្លាស់ ស្រែអ៊ុយ ស្ថិតក្នុងភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ សៅ និច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ ជនជាតិព្នង មានប្រពន្ធឈ្មោះ យុ ហូវ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កសិករ ជនជាតិព្នង និងមានកូនចំនួន០១ នាក់ ស្រី០១នាក់។

តាមការបំភ្លឺរបស់ប្រពន្ធ និងអ្នកជិតខាង បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង ២០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ បាននាំកូនក្មេងចំនួន០៣នាក់ អាយុប្រហែល៧ឆ្នាំ ស្រី០២ ប្រុស០១ នាក់ ទៅជាមួយ ដើម្បីឆក់ត្រី។ ដោយដើរឆក់រយ:ពេល០២ម៉ោងជាង បានត្រីប្រហែល៤គីឡូក្រាម លុះដល់វេលាកើតហេតុ មិនប្រយ័ត្នបានរអិលដួល បណ្ដាលឲ្យឆក់ចំខ្លួនឯង ក្នុងទឹក។ ភ្លាមៗនោះ ក្មេងៗក៏បានទៅហៅប្រពន្ធ ជាមួយនិងសាច់ញាតិជនរងគ្រោះ ដើម្បីមកជួយសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះ បន្ទាប់ពីធ្វើកោសល្យវិច័យរួច នគរបាលប៉ុស្តិ៍បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់