ព័ត៌មានជាតិ

ជម្លោះពាក្យសម្ដីគ្នា ធ្វើឲ្យទប់កំហឹងមិនជាប់! យុវជនម្នាក់ ទាញដុំថ្ម គប់ភាគីម្ខាងរបួសយ៉ាងដំណំ

កណ្តាលៈ យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍១៣កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ៣០នាទី មានករណីហិង្សាដោយចេតនា និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ (មានស្នាមរបួសបែកគល់ចិញ្ចើមស្តាំ និងស្នាមហើមប៉ោងលើចិញ្ចើមភ្នែកឆ្វេង)។

ជនសង្ស័យម្នាក់ (ឃាត់ខ្លួន) ឈ្មោះ ហៃ សុខហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ដុំថ្ម ១ដុំ ទំហំប៉ុនកជើង ។

ដំណើររឿង៖ នៅវេលាម៉ោង ១៣ និង០០នាទីថ្ងៃត្រង់ថ្ងៃកើតហេតុ ឈ្មោះ ហៃ សុខហៀង (ជនសង្ស័យ) មានជម្លោះជាមួយកូនរបស់ឈ្មោះ ទិត វិចិត្រ (ជនរងគ្រោះ)។ លុះដល់វេលាម៉ោង ១៤ និង៣០នាទី ដែលជាម៉ោងកើតហេតុ ជនរងគ្រោះ បានចេញមកពីធ្វើការរោងចក្រវិញ ចូលមកដល់ផ្ទះ ក៏បានឃើញកូនរបស់ខ្លួន និងជនសង្ស័យមានជម្លោះពាក្យសម្ដីនឹងគ្នា ជនរងគ្រោះ ក៏បានឈ្លោះជាមួយជនសង្ស័យបន្ថែមទៀត។ ភ្លាមនោះជនសង្ស័យខឹង បានស្ទុះយកដុំថ្មទៅគប់លើជនរងគ្រោះ បណ្ដាលឲ្យមានរបួសតែម្ដង ។

ក្រោយកើតហេតុឪពុកជនសង្ស័យ បានចាប់ជនសង្ស័យចងទុក ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ច មកនាំខ្លួនយកទៅសួរចម្លើយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

មតិយោបល់