ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ កាំង គីមហុង អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ និងអាជ្ញាធរមូលដ្ឋាន បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដីទួលមិនស្គាល់ម្ចាស់ខាងលិចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជាលទ្ធផលនៅពេលដែលសមត្ថកិច្ច ចុះបង្ក្រាបទីតាំងនោះផ្លូវចូលមានការលំបាកធ្វើដំណើរ ធ្វើឲ្យក្រុមអ្នកលេងល្បែងជល់មាន់ទាំងអស់នោះបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន៖ ១-សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់), ២-ជញ្ជីងសម្រាប់ថ្លឹងសត្វមាន់ចំនួន០១គ្រឿង, ៣-កន្ត្រក់សម្រាប់ដាក់សត្វមាន់ចំនួន០៤, ៤-ម៉ូតូចំនួន១៨គ្រឿង, ៥-ខ្សែសម្រាប់ហ៊ុមព័ទ្ធសង្វៀនមួយចង្វាយ និងស្កុតសម្រាប់រុំខ្នាយមាន់មួយចំនួន។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់