តាកែវៈ នៅថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តបើកលើផ្លូវធំ និងកង់ជិះចេញពីផ្លូវតូច នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ ២១.២២ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត ម៉ាក Tacoma ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BD2262 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ម៉ិល រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃផ្គាំ(គ) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ គ្មានរបួស។ ចំណែកជនរងគ្រោះជិះកង់ ពណ៌ស ជិះចេញពីផ្លូវតូច មានទិសដៅពីជើងទៅត្បូង បានជិះដោយឈ្មោះ និល សុខចិន ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ របួសធ្ងន់ (បាក់កជើងខាងឆ្វេង) បានក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ។
មូលហេតុ៖ បើកបរមិនគោរពសិទ្ធិអាទិភាព។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយកវត្ថុតាងទាំង ០២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់