ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចស្ដុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ!!!

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH-9277។ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន លុះដល់ ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចអស់មួយផ្ទាំង។ ចំណែកឯរថយន្តបានរងការខូចខាត ផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់