ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាង

ពោធិ៍សាត់:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូបុកម៉ូតូ នៅលើផ្លូវក្រាលក្រួសក្រហម ត្រង់ចំណុចផ្លូវកោងខាងលិចភូមិកោះក្រសាំង ស្ថិតក្នុងភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន បណ្តាលឲ្យរងរបួសធ្ងន់បុរសពីរនាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកសេ 125 ពណ៌ខ្មៅ ស៊េរី ២០១៨ ផ្លាកលេខពោធិ៍សាត់ 1I- 4106 បើកពីលិចទៅកើត យ៉ាងលឿន បើកបរដោយឈ្មោះ លឹម ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរី២០២០ គ្មានផ្លាកលេខបើកពីកើតទៅលិចបើកបរដោយឈ្មោះ ភាព ចាន់នឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន បណ្តាលឲ្យរបួសធ្ងន់ទាំងពីរនាក់ ។ ចំពោះជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្នាមព្រះបានបញ្ចាក់ឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលមកពីកត្តាល្បឿននិងកត្តាផ្លូវកោង ។ ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីបំពេញបែបបទ និងចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់