ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ឧត្តរមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ និងបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលជំនាញបានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន ២ករណី។
ករណីទី១ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោកវរសេនីយទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវជាតិលេខ២៦២៥ ភូមិសុខសេរី ឃុំបាក់អន្លូង-ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ន អាត ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ដកហូតវត្ថុតាង មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កញ្ចប់ធំ ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន។ រីឯករណីទី២ នៅវេលាម៉ោង ១២:០០នាទី ឈានចូលថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសំរោង បង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសំរោង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហៀង ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិខាងលើ មុខរបរមិនពិតប្រាកដ។ ដកហូតមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ១កញ្ចប់​តូច និងឧបករណ៍សំរាប់ជក់​ថ្នាំញៀនមួយ​ចំនួន​។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់