ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាច្រើនកំប៉ុង ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ រកឃើញ និងដកហូត

ត្បូងឃ្មុំ: យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារអូររាំងឪ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៨ ដប/កំប៉ុង។ បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់