ព័ត៌មានជាតិ

ចុងភៅម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តបើកឆ្លងផ្លូវចេញពីផ្ទះសំណាក់ សារិការ២ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ: បុរសចុងភៅម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូលឿនពេក មិនប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ ចេញពីផ្ទះសំណាក់ពេញទំហឹង នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចមុខផ្ទះសំណាក់ សារិការ២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សពជនរងគ្រោះឈ្មោះ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបចុងភៅមួយកន្លែង មានស្រុកកំណើត ស្រុកល្វាឯម ខេត្តកណ្ដាល ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហ្សូម័អ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GM 9251 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនត្រា ពាក់ផ្លាកលេខភ្នំពេញ 2AM 8866 ធ្វើដំណើរពីកើតទៅលិចចេញពីផ្ទះសំណាក់ បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់គួរឲ្យរន្ធត់ ភ្លាមនោះរថយន្តបង្កបានបើកត្រឡប់ចូលផ្ទះសំណាក់វិញ រួចដោះផ្លាកលេខចេញសម្ងំធ្វើដូចមិនមានរឿងអ្វី។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់