ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតខ្ទេចទាំងស្រុង

កំពង់ចាម: ថ្ងៃពុធ ៣រោច មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី មានករណីអគ្គិភ័យ១កើតឡើង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង នៅចំណុចភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ ចាប គួង ភទប្រុស អាយុ៤៧ឆ្នាំ ។ ករណីនេះអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតផ្ទះមានទំហំ ៥x៩ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និង ឯកសារមួយចំនួនទៀត ។ មិនឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ។

មូលហេតុ៖ ករណីអគ្គិភ័យនេះ ត្រូវម្ចាស់ផ្ទះជាអ្នកដុតដោយខ្លួន សព្វថ្ងៃគាត់រស់នៅតែម្នាក់ឯង ជាមនុស្សសតិមិនគ្រប់ ។

ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការសួរនាំទៅឈ្មោះ ចាប គួង (ម្ចាស់ផ្ទះ) គាត់ក៏បានសារភាពថា ខ្លួនពិតជាបានដុតបំផ្លាញផ្ទះខ្លួនឯងពិតប្រាកដមែន។
តាមការបំភ្លឺរបស់អ្នកជិតខាងនិង ប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងទៀតថា ឈ្មោះ ចាប គួង គឺជាមនុស្សសតិមិនគ្រប់ តែងតែប្រមូលសំរាម យកមកដុតផ្ទះខ្លួនឯង២ទៅ៣ដងរួចមកហើយ តែត្រូវបានប្រជាពលរដ្ឋនៅជិតខាងនាំគ្នាឃាត់គាត់ជាច្រើនលើក។

ហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានទៅដល់ តែជាអកុសលអគ្គិភ័យបានឆេះផ្ទះអស់ទៅ ហើយរថយន្តអគ្គិភ័យពុំបានជួយបាញ់ពន្លត់នោះទេ ដោយផ្ទះនៅដាច់ស្រយាលចុងភូមិតែឯង ៕

មតិយោបល់