ព័ត៌មានជាតិ

នៅបន្ទប់ជួលជាមួយសង្សារ២ខែ មិនចុះសម្រុងនឹងគ្នា លួចម៉ូតូនិងគ្រឿងអលង្ការទៅលក់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពយកម៉ូតូ និងគ្រឿងអលង្ការរបស់នារីជាសង្សាររបស់ខ្លួន​ យកទៅលក់ កាលពីថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២០ ម៉ោង០៦និង០០នាទី នៅចំណុចបន្ទប់ជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។​

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួង សុផល់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ នៅ ចន្នី ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល​ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការនី ​។ ចំណែកសម្ភារៈបាត់បង់មាន៖ ម៉ូតូចំនួន១គ្រឿងម៉ាក honda zoome x ពណ៌ផ្កាឈូក លាយខ្មៅ ចំនួន១គ្រឿង គ្រឿងអលង្កាមួយចំនួនសរុបទឹកប្រាក់២៦១៣ដុល្លារអាមេរិច ។

ប្រភពដដែលបន្តថា កន្លងមក​ជនសង្ស័យ និងនារីរងគ្រោះជាសង្សារនឹងគ្នាហើយរស់នៅក្នុងបន្ទប់ជួលជាមួយគ្នាអស់រយៈពេល២ខែមកហើយ ដោយការរស់នៅមិនចុះសម្រុងនឹងគ្នា នារីរងគ្រោះក៏មានចិត្តចង់បែកបែរ ហើយនារីរងគ្រោះក៏បានឲ្យប្អូនស្រី២នាក់ មកដេកជាមួយ ដើម្បីកុំឲ្យជនសង្ស័យជាសង្សារដេកក្នុងបន្ទប់ ។ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួនទុកក្នុងបន្ទប់ដេក ហើយខ្លួនបានចូលក្នុងបន្ទប់ទឹកងូតទឹក ដោយពុំបានដាក់គន្លឹះ ខណៈនោះជនសង្ស័យក៏បានចូល រួចយកម៉ូតូនិងគ្រឿងអលង្ការទាំងនោះទៅលក់បាត់ រហូតមកដល់ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២០ ​វេលាម៉ោងប្រហែល២០និង០០នាទី ជនរងគ្រោះបានតេទូរសព្ទ័ហៅជនសង្ស័យមកបន្ទប់ជួលរបស់ខ្លួន ដើម្បីសួររឿងម៉ូតូនិងក្រដាសបញ្ចាំគ្រឿងអលង្ការ​ ស្រាប់តែជនសង្ស័យថា បានលក់ផ្តាច់អស់ហើយ។

ក្រោយមកជនរងគ្រោះក៏បានមកប្តឹងសមត្ថកិច្ចនៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់