ស្ទឹងត្រែងៈ រថយន្តយីឌុបធន់ធំមួយគ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ៗត្រូវបាននគរបាលសេដ្ឋកិច្ច សហការជាមួយជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់ ឃាត់ដោយសង្ស័យថាមានបង្កប់ឈើប្រណីតខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សដែលរួមដំណើរក្នុងរថយន្តចំនួន៥នាក់ផងដែរ។
ករណីនេះបានធ្វើឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះទល់មុខផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់រថយន្តខាងលើនេះ គឺដោយមានគេរាយការណ៍មកថា រថយន្តខាងលើបានដឹកឈើប្រភេទគ្រឿងផ្ទះចាស់ៗព្រមទាំងលួចបង្កប់ឈើប្រណីត ចេញពីចំណុចភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ទីរួមខេត្ត ឆ្ពោះទៅកាន់ខេត្តក្រចេះ។ ប៉ុន្តែខណៈពេលដែលរថយន្តនោះមកដល់ចំណុចខាងលើ ក៏ត្រូវបានសមត្ថកិច្ចនិងជំនាញ ធ្វើការឃាត់ដើម្បីត្រួតពិនិត្យតែម្តង។
រថយន្តយីឌុបដឹកឈើគ្រឿងផ្ទះចាស់ៗដែលជំនាញរដ្ឋបាលព្រៃឈើ និងនគរបាលសេដ្ឋកិច្ចខេត្តឃាត់បាននោះ គឺជារថយន្តប្រភេទយីឌុប ធន់ធំ (ផ្លូវ៥) ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2169។ចំណែកឯមនុស្សទាំង៥នាក់នោះ គឺនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ រង់ចាំជំនាញត្រួតពិនិត្យនៅព្រឹកនេះបន្ត។
ក្រោយការឃាត់រថយន្តយីឌុបដឹកឈើខាងលើ ជំនាញអូសយកមកទុកក្នុង សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុនៅពេលព្រឹកនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការឃាត់រថយន្តប្រភេទយីឌុបធន់ធំដឹកគ្រឿងផ្ទះចាស់ៗដូចករណីខាងលើនេះ ជំនាញធ្លាប់បានធ្វើការឃាត់ចំនួន២ដងរួចមកហើយ ដោយការឃាត់លើកទី១ គឺបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ នៅចំណុចព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ដោយសង្ស័យថាមានបង្កប់ឈើប្រណីតខុសច្បាប់។ ក្រោយពីត្រួតពិនិត្យរួចមកក៏ដោះលែងទៅវិញ
ដោយសាររថយន្តនោះមានលិខិតអនុញ្ញាតត្រឹមត្រូវព្រមទាំងពុំមានបង្កប់នូវឈើប្រណីតខុសច្បាប់នោះទេ។
ប៉ុន្តែចំពោះករណីឃាត់រថយន្តយីឌុបក្នុងយប់ថ្ងៃទី៧ ខាងលើនេះ ប្រហែលជាមិនអាចដោះលែងបានទេ ដោយសារតែលិខិតអនុញ្ញាតនោះ ផុតកំណត់ជាច្រើនថ្ងៃមកហើយ ហើយចំពោះព័ត៌មានលម្អិតវិវត្តន៍យ៉ាងណានោះ Post News នឹងផ្សាយជូនបន្តនៅពេលក្រោយ៕
មតិយោបល់