ព័ត៌មានជាតិ

រថយន្តព្រូសបើកបុកម៉ូតូសិស្សសាលាពីក្រោយសន្លប់ស្តូក នៅខណ្ឌដូនពេញ

ភ្នំពេញ: រថយន្តព្រូសបើកបុកម៉ូតូសិស្សសាលាពីក្រោយសន្លប់ស្តូកមួយសន្ទុះទើបដឹងខ្លួនវិញ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ចំណុចតាមបណ្តោយផ្លូវ១៤៤កែងផ្លូវ១៥ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8655 បើកដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញាណនោះទេ។
ម៉ូតូម៉ាក ប៊ីត ពណ៌លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HY-0887 បើកដោយយុវសិស្សម្នាក់ឈ្មោះ ជិន សិលាពេជ្រ អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញម៉ូតូខាងលើ បើកបរតាមបណ្តោយផ្លូវ១៥ក្នុងទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុបានបទឆ្វេង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងខាងលើ បានបើកបរក្នុងទិសដៅពីកើតទៅលិចបានជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលម៉ូតូយុវសិស្សរូបនោះសន្លប់ស្តូកមួយសន្ទុះ បន្ទាប់ពីប្រជាពលរដ្ឋជួយគក់ច្របាច់និងសម្រួលសសៃទើបដឹងខ្លួនវិញ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌបានមកដល់វាសវែងយកទៅរក្សារទុកនៅចរាចរណ៍ខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់