ព័ត៌មានជាតិ

ហេតុអីបងទៅចោលអូន! ជិតក្លាយជាប្ដីប្រពន្ធហើយ ស្រាប់តែខាងប្រុស ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ហើយត្រូវរថយន្តបង្ក បើករត់បាត់

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ដ​មួយ​គ្រឿង​ បើក​ដោយ​ល្បឿន​លឿន​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ​បើក​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​​នៅ​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​១១​ និង​៥៧​នាទី​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ ស្ថិត​ក្នុងភូមិ​ខ្សុំ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ចរាចរ​ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ពុំ​ស្គាល់​ម៉ាក​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ លី​ រតនៈ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អង្គរ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ (​ស្លាប់​បាត់បង់​ជីវិត​)​ បើកបរ​ម៉ូតូ​ម៉ាក​ SCOOPY-I​ ស៊េរី​ឆ្នាំ​២០១៩​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HH-5996​ ។​

​ ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ដ​ពុំ​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ឆ្ពោះ​មក​ភ្នំពេញ​ ដោយ​ល្បឿន​លឿន​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ដ​ខាងលើ​បាន​រេ​ចង្កូត​មក​ឆ្វេង​ ចូល​ក្នុង​គន្លង​ផ្លូវ​របស់​យានយន្ដ​បើក​ច្រាស់​គ្នា​ ក៏​បាន​បុក​ម៉ូតូ​ហុងដា​ SCOOPY-I​ មួយ​គ្រឿង​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ផ្លូវស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រី​អ្នកបើកបរ​រថយន្ដ​បាន​បើករថយន្ដ​របស់​ខ្លួន​គេច​បាត់​ស្រមោល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ នគរបាល​ចរាចរ​ស្រុក​កៀនស្វាយ​ បាន​ចុះ​មក​កន្លែង​កើតហេតុ​ ត្រួតពិនិត្យ​និង​វាស់វែង​ យក​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់