ព័ត៌មានជាតិ

កម្លាំងនគរបាលចំនួន៣បង្រ្កាប ជនទំនើងបង្កអសន្តិសុខ៤ករណី ឃាត់ខ្លួន២២នាក់ យកទៅចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនទំនើងសរុប២២នាក់ ធ្វើសកម្មភាពប៉ុនប៉ង និងបានប្រព្រឹត្តបទល្មើសលួច និងវាយតប់គ្នា០៤ករណីផ្សេងគ្នា បង្កអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចនៅក្នុងមូលដ្ឋានក្នុងភូមិសាស្រ្តចំនួន៣ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលទាំង៣ខណ្ឌ នោះបង្រ្កាបចាប់ខ្លួនដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី១ បានចេញល្បាតអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសនៅម្តុំផ្ទះឡ ភូមិត្រពាំងថ្លឹង២ ស្រាប់តែឃើញមុខសញ្ញាចាស់ជនសង្ស័យ០២នាក់ជិះម៉ូតូឌុបគ្នា ចេញពីផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បម្រុងទៅធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលួចគាស់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
កម្លាំងសមត្ថកិច្ចមានការសង្ស័យក៏បានហៅពួកគេឈប់សាកសួរនិងឆែកឆេរត្រួតពិនិត្យ ក៏បានរកឃើញសម្ភារដូចជាទួឡឺវីស ដែកត្បែង សោរកែច្នៃ និងឧបករណ៍មួយចំនួនទៀត បំរើនៃការធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលួចគាស់ខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមកសាកសួរ។ លុះបន្ទាប់មកពួកគេទាំង២នាក់ក៏បានឆ្លើយសារភាពថាពួកខ្លួនមានបក្ខពួកជាច្រើននាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យទី៣ដែលធ្លាប់ចេញធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆក់ និងកាច់សោកយកម៉ូតូ។កម្លាំងនគរបាលព្រហ្មទណ្ឌទាំង២ខណ្ឌគឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យសហការគ្នាឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបក្ខពួក១៦នាក់ថែមទៀតដែលជាសមុខសញ្ញាចាស់យកទៅអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែកនៅខណ្ឌប្ញស្សីកែវ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែធ្នូ នៅភូមិឃ សង្កាត់ច្រាំងចំរេះ២ មានបុរស២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាជនជាតិខ្មែរឥស្លាមបានធ្វើសកម្មភាពយកដំបងវាយទៅលើជនរងគ្រោះ០១នាក់បង្កឱ្យរបួសស្នាម ក្នុងទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួចត្រូវបាននគរបាលចាប់ឃាត់ខ្លួននិងវត្ថុតាងដំបង១ដើមបញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។ ដោយឡែកនៅខណ្ឌទួលគោក បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកឱ្យដឹងថា មានជនទំនើង២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលបម្រុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលួចកាច់កញ្ចក់រថយន្តនិងលួចកាត់ខ្សែភ្លើង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាខណ្ឌទួលគោកបង្រ្កាបចាប់ខ្លួននិងបញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់