ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ​មឹក ស្លឹកគូឆាយ ស្លឹកខ្ទឹម មានសារធាតុគីមីហាមឃាត់ នៅផ្សារព្រំថ្មី ខេត្តប៉ៃលិន!

​ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន គណៈកម្មការផ្សារ និងមន្ត្រីមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ នៅផ្សារព្រំថ្មី ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគចំនួន ៥៦ គំរូរួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតសាច់គោ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងម្ហូបអាហារផ្សេងៗទៀត ដើម្បីធ្វើតេស្តបឋម ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ដូចជា៖
– មឹកចំនួន ២ គីឡូក្រាម
– ស្លឹកគូឆាយ ១ គីឡូក្រាម
– ស្លឹកខ្ទឹម ២ គីឡូក្រាម ។
មិនតែប៉ុណ្ណោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករឱ្យបញ្ឈប់ការយកមកលក់ដូរបន្តទៀត និងបានធ្វើការណែនាំដល់អាជីវករដទៃ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់