ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តវ៉ាជែង មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូដាច់ជាពីរកំណាត់ បណ្ដាលឲ្យស្លាប់លោកតាវ័យ ៦៦ឆ្នាំម្នាក់

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកតាវ័យចំណាស់ ៦៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ខណ:ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ក្រោយមកបាន ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កើតឡើងនៅវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ឡក់ រ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ មិនមានពាក់មួកសុវត្តិភាព.មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះបានរងរបួសធ្ងន់ បញ្ជូនទៅ មណ្ឌលសុខភាពសិលាខ្មែរ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតហើយបានស្លាប់ ។

លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្ថិតត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ មានរថយន្ត០១គ្រឿងម៉ាកកាម៉ារីស៊េរីឆ្នាំ១៩៩៥ ពណ៌ស្លែ ពាក់ផ្លាកលេខ កំពង់ចាម .2A-0975 អ្នកបើកបរឈ្មោះ សែម រុន ភេទ ប្រុសអាយុ ៤៥ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើតច្រាសទិសគ្នាបានឡើងជែងរថយន្ដមួយផ្សេងទៀត ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជា០២កំណាត់ អ្នកបើកបរម៉ូតូ របួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះ សែម រុន នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ នោះកំពុងរត់គេចខ្លួន នៅពេលនេះកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់