ព័ត៌មានជាតិ

ជនជាតិ​អ៊ី​ស្លង់​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ពី​បទ​លួច​ស្នាក់​នៅ​ខុសច្បាប់​ ក្នុងសណ្ឋាគារ​ អ៊ី​លី​សៀម

​សៀមរាបៈ​ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ និង​សហការ​ផ្តល់​ព័ត៌មាន​ពី​សណ្ឋាគារ​ នា​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ទៅ​ដល់​ចំណុច​សណ្ឋាគារ​ អ៊ី​លី​សៀម​ ស្ថិត​នៅ​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​/​ខេត្តសៀមរាប​ បាន​ហៅ​ជនបរទេស​ម្នាក់​ មក​សាកសួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​។​

​បើ​តាម​មន្ត្រី​សមត្ត​កិច្ច​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បានអោយ​ដឹង​ថា​៖​ ជនបរទេស​រូប​នេះ​ឈ្មោះ​ INQOLFSSON​ INQOLFUR​ STEINAR​ ភេទ​ប្រុស​ ជនជាតិ​ អ៊ី​ស្លង់​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៩​ មេ​សា​ ២០១៩​ តាម​ច្រក​ព្រ​លាន​យន្ត​ ហោះ​អន្តរជាតិ​សៀមរាប​ ស្នាក់​នៅ​សណ្ឋាគារ​ខាងលើ​។​

​លិខិតឆ្លងដែន​បាន​ជ្រុះ​បាត់​កាលពី​អំឡុង​ថ្ងៃ​ទី​០៧​ ឧសភា​ ២០១៩​ បន្ទាប់​ពី​បាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​ និង​បាន​ទទួល​ឯកសារ​ធ្វើ​ដំណើរ​ពី​ស្ថានទូត​ហើយ​ តែ​ជនបរទេស​រូប​នេះ​ មិន​បាន​ទៅ​ស្នើ​សុំ​ទិដ្ឋាការ​ចេញ​ទេ​ព្រោះ​គ្មាន​ថវិកា​ សម្រាប់​បង់អាករ​ទិដ្ឋាការ​ស្នាក់​នៅ ​ដែល​បាន​ផុត​សុពលភាព​ ហើយ​ចំពោះ​ការ​ស្នាក់ ​នៅ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ គឺ​ជំពាក់​ខាង​សណ្ឋាគារ​សរុប​ចំនួន​១២០០$​។​ ទិដ្ឋាការ​ស្នាក់​នៅ​បាន​ផុត​សុពលភាព​ តាំងពី​ថ្ងៃ​ទី​០៩​ ឧសភា​ ២០១៩​ រហូត​ដល់​សព្វថ្ងៃ​។​

បច្ចុប្បន្ន​ ជនបរទេស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

មតិយោបល់