ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់​ ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅម៉ោង០២និង៤០នាទីយប់ នៅចំណុចឱសថស្ថាន គឹម អេង ជាប់ផ្លូវលេខ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហ៊ុយ គឹមអេង ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរលក់ថ្នាំពេទ្យ ។ ចំណែកជនសង្ស័យឈ្មោះ លី ម៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅលើទូក មាត់ទន្លេបាសាក់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររើសអេតចាយ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន ។ សម្ភារៈបាត់បង់៖ លុយខ្មែរចំនួន៨ម៉ឺនរៀល ។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ តាមរយៈឆែកកាម៉េរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ បានចូលធ្វើសកម្មភាពលួចគាស់បង្អួច កន្លែងលក់ថ្នាំពេទ្យរបស់ជនរងគ្រោះ ហើយចូលដើររើកកាយក្នុងបន្ទប់រកសម្ភារៈមានតម្លៃ តែដោយខាងក្នុងគ្មានសម្ភារៈមានតម្លៃ មានតែថ្នាំពេទ្យ និងលុយចំនួន៨ម៉ឺនរៀល នៅក្នុងថតតុ ទើបជនសង្ស័យលួចយកហើយគេចខ្លួនបាត់ទៅ។

លុះព្រឹកឡើងជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកកាន់ប៉ុស្តិ៍នគរបាលតាខ្មៅ សហការជាមួយកម្លាំងយុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវឆែកកាម៉េរ៉ាសុវត្ថិភាព ទើបកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ខាងលើ ។
រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ទើបសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ផ្នែកយុត្តិធម៌ សហការជាមួយប៉ុស្តិ៍តាខ្មៅ បានចុះទៅឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចលើទូក មាត់ទន្លេបាសាក់ មុខសួនច្បារតាខ្មៅយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា គាត់ពិតជាបានធ្វើសកម្មភាពលួចគាស់បង្អួច ឱសថស្ថានគឹមអេង យកលុយបាន៨ម៉ឺនរៀល ប្រាកដមែន ដោយទើបតែធ្វើសកម្មភាពលើកទី១នេះទេ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់