បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១នឹង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងជំនាញបានប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា នៅចំណុច ច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះកម្លាំងជំនាញ(ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សាន សុទ្ធី, នាយករង គឹម តូ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងនិងដោយមានការសម្របសម្រួលពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបងបានបើកការស៊ើប អង្កេត ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែនលេខAB ៤២៧៤៣៧៣។
ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៣០កញ្ចប់ធំទម្ងន់ប្រមាណ៣០គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕
មតិយោបល់