ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សមត្ថកិច្ចឲ្យដឹងថា កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានរថយន្តតាក់ស៊ីចំនួន០៣គ្រឿង បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ពីឈ្មោះអ្នកបើករថយន្តតាក់សុីដូចខាងក្រោម៖
១.ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -6375 គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្ស១នាក់ប្រុស (ខ្មែរ) និងឥវ៉ាន់មានគ្រឿងសមុទ្រ ៦កេះ។ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃាត់ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
២.ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC -8943 ដឹកមនុស្សចំនួន ៣នាក់ ស្រី០១នាក់ ប្រុស ០២នាក់ (ខ្មែរ) និងឥវ៉ាន់មាន អង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃាត់ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
៣. ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយលេនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកមនុស្សពីរនាក់ប្ដីប្រពន្ធ (ខ្មែរ) និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ២គ្រឿង ទូរទស្សន៍ ១គ្រឿង បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
រថយន្ដទាំង០៣គ្រឿងនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
មន្ត្រីរដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ៕
មតិយោបល់