តើអាហារកាកសរសៃ មានសារៈសំខាន់អ្វីខ្លះចំពោះកូនតូច?

ការញ៉ាំអាហាររបស់កូនតូចវ័យតេះតះនោះ អាចញ៉ាំបានច្រើនបែបច្រើនយ៉ាងបានដូចមនុស្សធំហើយ គ្រាន់តែត្រូវមើលពីជំនាញក្នុងការទំពាររបស់កូនបន្តិចសឹនប៉ុណ្ណោះ ព្រោះក្មេងខ្លះពូកែទំពារ ចូលចិត្តទំពារនឹងធ្វើឱ្យឆាប់ញ៉ាំអាហាររឹងល្មមៗបាន។ ក្មេងណាដែលមិនសូវចូលចិត្តទំពារ ឬឪពុកម្តាយច្រើនតែកិនអាហារឱ្យហ្មត់ឱ្យញ៉ាំជានិច្ចនោះ នឹងក្រចេះទំពារ តែយ៉ាងណាក៏ដោយ អាហារដែលសំខាន់សម្រាប់ក្មេងវ័យនេះលែងសូវជាទឹកដោះហើយ តែជាអាហារទាំង 5​ ប្រភេទក្រុម ដែលយើងស្គាល់ច្បាស់ហ្នឹងឯង។

អ្វីទៅជា កាកសរសៃអាហារ?

កាកសរសៃអាហារ គឺជាខាបូហាយដ្រេត ម៉ូលេគុលធំ មានទាំងប្រភេទរលាយក្នុងទឹក និងមិនរលាយក្នុងទឹក ប្រទះឃើញមានច្រើននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ កាកសរសៃអាហារនឹងមិនត្រូវបានបឺតជ្រាបក្នុងប្រព័ន្ធរំលាយអាហារទេ តែនឹងធ្វើតំណើរទៅរហូតដល់ពោះវៀនធំ មានតួនាទីបោសសម្អាតអ្វីដែលរាងកាយមិនត្រូវការ ដើម្បីមិនឱ្យមានអ្វីនៅសេសសល់ក្នុងពោះវៀនធំរួចបញ្ចេញមកក្រៅតាមលាមកហ្នឹងឯង។

ហេតុអីបានកូនតូចចាំបាច់ត្រូវញ៉ាំ?

មនុស្សធំក្នុងប្រទេសយើង ច្រើនតែផ្តល់ភាពសំខាន់ជាមួយអាហារពពួកប្រូតេអុីនខ្លាំងជាង ព្រោះជាចំណែកដែលធ្វើឱ្យរូបរាងកាយចម្រើនធំធាត់ តែរាងកាយនឹងធំធាត់ឡើងយ៉ាងរឹងប៉ឹងមាំមួនល្អនោះ ត្រូវបានទទួលអាហារដែលច្រើនបែបច្រើនយ៉ាងក្នុងបរិមាណដ៏សមរម្យមួយ រួមជាមួយការហាត់ប្រាណ រួមទាំងកាកាសរសៃអាហារផងដែរ។ កុមារក្នុងវ័យនេះជាច្រើននាក់ មានបញ្ហាក្នុងការបន្ទោបង់ ដោយសារតែញ៉ាំបន្លែ ផ្លែឈើបានតិចពេក ឬញ៉ាំទឹកស្អាតមិនបានគ្រប់គ្រាន់ ធ្វើឱ្យកើតបញ្ហាទល់លាមកឡើងញឹកញាប់ដែលវាអាចនឹងក្លាយជាទម្លាប់រហូតដល់វ័យមនុស្សធំ និងក្លាយជាបញ្ហាសុខភាពរ៉ាំរ៉ៃនៅទីបំផុតក៏អាចថាបានដែរ ។

ដូច្នេះការញ៉ាំអាហារដែលមានកាកសរសៃក្នុងបរិមាណដែលគ្រប់គ្រាន់ នឹងជួយឱ្យការធ្វើការងាររបស់ពោះវៀនល្អឡើង កាត់បន្ថយអាការទល់លាមកដល់កូនតូចវ័យរពឹសបានទៀតផង។

ញ៉ាំប៉ុន្មានក្នុងមួយថ្ងៃ?

ជាប្រក្រតី មនុស្សធំគួរបានទទួលប្រមាណជា 25 – 30 ក្រាមក្នុងមួយថ្ងៃ តែសម្រាប់ក្មេងដែលមានអាយុចន្លោះពី 1 – 8 ឆ្នាំនោះ គួរបានទទួលកាកសរសៃអាហារពី 14 – 18 ក្រាមក្នុងមួយថ្ងៃ បរិមាណនេះមិនមែនមានន័យថាត្រូវតែទៅថ្លឹងចំនួនបន្លែផ្លែឈើឱ្យត្រឹមត្រូវនាំតែពិបាកនោះទេ គ្រាន់តែក្នុងពេលញ៉ាំអាហារម្តងៗត្រូវមានមុខម្ហូបដែលជាបន្លែ និងបង្អែមដែលជាផ្លែឈើស្រស់ ឬគ្រាប់សណ្តែកផ្សេងៗប៉ុណ្ណោះ។

ការញ៉ាំអាហារប្រភេទគ្រាប់សណ្តែក ក៏មានចំណុចមិនល្អដូចគ្នាដែរ គឺបើញ៉ាំច្រើនជ្រុលពេកនឹងធ្វើឱ្យកើតមានខ្យល់នៅក្នុងពោះច្រើន ឆ្អល់ពោះ ព្រោះតែមានការសាងហ្កាស់ឡើងច្រើន(ដូចដែលយើងច្រើនតែនិយាយថា ញ៉ាំសណ្តែកដីហើយដើរខ្យល់ហ្នឹងឯង)ដូច្នេះហើយទើបការញ៉ាំអាហារឱ្យមានតុល្យ គឺជារឿងសំខាន់មួយដែលលោកឪពុកអ្នកម្តាយត្រូវចាត់ការឱ្យកូនតូចក្នុងវ័យនេះ។

កាកសរសៃអាហារអ្នកជួយពោះវៀន

គុណប្រយោជន៍របស់កាកសរសៃអាហារមានច្រើនណាស់ ដូចជា៖

ការពារអាការទល់លាមក ជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានតាមប្រក្រតី។

– ការពារការបឺតជ្រាបរបស់សារធាតុបង្កមហារីក កាកសរសៃអាហារនឹងជួយបណ្តេញសារធាតុពុលចេញពីរាងកាយបានលឿន(តាមលាមក) និងកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកពោះវៀនធំ។

– ការពាររោគបានច្រើនប្រភេទ ដូចជា រោគធាត់ រោគទឹកនោមផ្អែម ជាតិខ្លាញ់នៅក្នុងឈាមខ្ពស់។

– កាត់បន្ថយភាពប្រថុយនឹងការកើតរោគបេះដូង។

អាហារដែលមានកាកសរសៃខ្ពស់មានដូចជា៖

ផ្លែឈើ៖ ផ្លែប៉ោម ផ្លែសារី ត្របែក ល្ហុងទុំ ចេក ក្រូចពោធិសាត់ ពុទ្រា ស្វាយខ្ចី ពោត ។ល។

បន្លែ៖ ស្នៀតពោត ការ៉ុត ផ្សឹតត្រចៀកកណ្តុរ សណ្តែកកួ ស្ពៃក្តោប សណ្តែងសៀងជប៉ុន កញ្ឆែត ត្រប់ពុតរំញង ។ល។

គ្រាប់ធញ្ញជាតិផ្សេងៗ៖ អង្ករសម្រូប គ្រាប់ផ្កាឈូករត្ន សណ្តែកខៀវ គ្រាប់ល្ង សណ្តែកក្រហម សណ្តែកលឿង ។ល។

អាហារផ្សេងទៀត៖ នំប៉័ងហូលវិធ គ្រាប់ជី ។ល៕

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *