ព័ត៌មានជាតិ

លោកយាយម្នាក់ត្រូវជនដៃដល់សម្លាប់ ដោយមិនដឹងមូលហេតុនៅស្រុកសូទ្រនិគម

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្រ្តីចំណាស់ម្នាក់ត្រូវគេសម្លាប់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌបានអោយដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧៖០០ព្រឹក ជនរងគ្រោះបានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិពេលត្រឡប់មកពីបុណ្យវិញវេលាម៉ោង០៩និង០០នាទីព្រឹក ហើយបានដឹកគោយកទៅចង នៅស្រែរបស់ខ្លួននៅខាងកើតភូមិដាក់ផ្កា និងខាងជើងភូមិចំប៉ីចម្ងាយប្រហែល៣០០ម៉ែត្រ ត្រង់ចំណុចត្រពាំងរូង ហើយក៏ត្រឡប់ទៅចូលរួមពិធីបុណ្យវិញ។
លុះដល់ម៉ោង២នឹង៣០នាទី ជនរងគ្រោះបានជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល។ លុះដល់ម៉ោង១៩៖០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏នាំគ្នាឲ្យជួយរកម្ដាយ ហើយប្រទះឃើញជនរងគ្រោះនៅនឹងដុបក្បាលស្រែរបស់ខ្លួន មានស្នាមរបួសនិងឈាម ពេញខ្លួន(របួសធ្ងន់)។ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ស្រាវជ្រាវ និងសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើសព្រហ្មទណ្ឌពិតប្រាកដមែន គឺបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសមត្ថកិច្ចពិនិត្យឃើញជនរងគ្រោះបានបាត់បង់ទ្រព្យ សម្បត្តិមួយចំនួនរួមមាន៖ មាសសន្លឹកចំនួន០៣តម្លឹង ខ្សែកមាសមួយខ្សែទម្ងន់០១តម្លឹង ចិញ្ចៀនមាសចំនួន០២វង់ទំងន់០២ជី និងលុយចំនួន៧លានរៀល។ ចំណែកជនសង្ស័យបានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕

 

មតិយោបល់