ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចគោញីមួយក្បាលបម្រុងយកទៅលក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន

កណ្តាល: កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង ០៥នាទី មានករណីជនសង្ស័យម្នាក់ លួចគោបម្រុងយកទៅលក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចខ្នងប្រឡាយ អមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លាស់ សុខខេន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ លឹម សុខ ហៅធំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ជនរងគ្រោះ បានបាត់បង់សត្វគោញី ចំនួនមួយក្បាល (យកបានមកវិញ)។

វត្ថុតាងចាប់យករួមមាន៖ សត្វគោញីចំនួនមួយក្បាល ពណ៌ស ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកសត្វគោចំនួនបីក្បាល មេចំនួនពីរក្បាលនឹងកូនចំនួនមួយក្បាល យកទៅចងនៅចំណុចកើតហេតុខាងលើ ។ ជនសង្ស័យបានដើរចេញពីផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ទៅទិសខាងកើត រហូតដល់ចំណុចកើតហេតុ បានឃើញសត្វគោចំនួនបីក្បាល ហើយក៏បានស្រាយខ្សែសត្វគោញីមួយក្បាល ដើម្បីដឹកយកទៅលក់ នៅម្ដុំផ្សារថ្នល់ទទឹង ។ នៅពេលជនសង្ស័យដឹកសត្វគោ ដល់ចំណុចភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ក៏បានជួបនឹងសមត្ថកិច្ចប៉ុស្ដិ៍កំពុងល្បាត ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថា សត្វគោនោះខ្លួនបានលួចមកពីចំណុចកើតហេតុខាងលើ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនធ្វើសកម្មភាពលួចលើកទីមួយ ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់