ព័ត៌មានជាតិ

អាសូរណាស់! ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ករណីបើកម៉ូតូឆ្លងផ្លូវ ចូលទៅការ៉ាសសាំងដើម្បីប្ដូរប្រេង ត្រូវរថយន្តបុក

កណ្ដាល: នៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1C-4788 បើកបរដោយឈ្មោះ ស៊ន សឿន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ពាក់មួកសុវត្ថិភាព របួសធ្ងន់) ។ មានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិឃុំជាគ្នា (ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-បាត់ដំបង) លុះពេលបើកបរមកជិតដល់កន្លែង កើតហេតុខាងលើ អ្នកបើកបរបានប្តូរគន្លងផ្លូវរកឆ្លងទៅទិសខាងលិចចូលមកការ៉ាសសាំងដើម្បីរកប្តូរប្រេងម៉ាស៊ីន (ដោយនៅមុខការ៉ាសសាំងពុំមានចន្លោះឆ្លងកាត់ផ្លូវ) ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2203 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង(ទិសដៅស្របគ្នា) បានបុកម៉ូតូចំពីក្រោយបណ្តាលឲ្យស្លាប់ និងរងរបួស។

+ចំពោះអ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
+ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

+ការសន្និដ្ឋាន
-ករណីខាងលើនេះ បណ្តាលមកពី៖
+អ្នកបើកបរម៉ូតូ បើកបរមិនពិនិត្យស្ថានភាពផ្លូវឲ្យបានច្បាស់លាស់មុននឹងប្តូរគន្លងផ្លូវឆ្លងកាត់(ដោយនៅខាងមុខការ៉ាសសាំងពុំមានចន្លោះឆ្លងកាត់ផ្លូវ)។
+អ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់