ព័ត៌មានជាតិ

ទើបចេញពីមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ប្រើអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ០៦រោច ខែមិគសិរ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី មានករណីហិង្សាក្នុងគ្រួសារ(មិនរាងចាល)នៅចំណុច ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ព្រឿង លន់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ (ត្រូវជាម្ដាយបង្កើត) ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាកូនបង្កើត)

វត្ថុតាងចាប់យក៖ដំបងឫស្សីចំនួន០១មានប្រវែង១ម៉ែត្រ។

នៅថ្ងៃកើតហេតុ ជនសង្ស័យបានមកពីដើរលេងវិញ ឃើញម្ដាយក៏បានសុំលុយចំនួន១០០០០៛ (មួយម៉ឺនរៀល) ដើម្បីទៅទិញបារីជក់ តែជនរងគ្រោះត្រូវជាម្ដាយឆ្លើយ ថាអញមិនឲ្យមួយថ្ងៃៗគិតតែសុំលុយមិនគិតរកស៊ីទេ។​ហើយពេលនោះ ជនសង្ស័យបានខឹងម្តាយ សុំលុយមិនបានក៏បានយកដំបងឫស្សី វាយបង្អួចកញ្ចក់បែកអស់មួយចំហៀងវាយឆ្នាំងដាំបាយ ក្រពឹតអស់ចំនួនមួយ និងវាយធុងទឹកបែកអស់ចំនួនមួយទៀត។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។ កន្លងមកជនសង្ស័យធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀនម្តងរួចមកហើយ និងធ្លាប់ធ្វើការអប់រំនៅប៉ុស្តិ៍ រដ្ឋបាលញឹកញាប់ ។

បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់