ព័ត៌មានជាតិ

កម្មករជួសជុលប្រព័ន្ធលូឯកជនម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មួយរំពេចនៅកន្លែងធ្វើការ

ភ្នំពេញ: យុវជនជាកម្មករជួសជុលប្រព័ន្ធលូឯកជនម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែចរន្តអគ្គិសនីឆ្លង តាមម៉ូទ័របុកបេតុងឆក់ ខណ:ដែលគាត់កាន់ម៉ូទ័រនោះ បម្រុងបុកទម្លុះបេតុងលូ បើកផ្លូវឲ្យទឹកហូរ ។ ប៉ុន្តែពេលនោះ នៅមិនទាន់បានបុកនៅឡើយទេ ក្រោយដោតឌូយចូលព្រីភ្លើងរួច គាត់បានច្របាច់កុងតាក់សាកមើល
ក៏ស្រាប់តែម៉ូទ័រឆ្លងចរន្តឆក់ស្លាប់តែម្ដង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ត្រូវបានគេស្គាល់ឈ្មោះ កើត សំនៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករជួសជុលប្រព័ន្ធលូឯកជន ស្នាក់នៅភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គាត់រួមនឹងក្រុមការងារម្នាក់ទៀត ត្រូវបានគេជួលឲ្យទៅជួសជុលប្រព័ន្ធលូ បន្ទាប់មកអ្នកទាំង២នាក់ បាននាំគ្នាម៉ូតូជិះកង់បី១គ្រឿងដឹកសម្ភារ:សម្រាប់ធ្វើការងារទៅកាន់ទីនោះ។

ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់បាននាំគ្នាកាប់កាយដីស្ដារប្រព័ន្ធលូ រួចក៏បានយកឌុយម៉ូទ័របុកទៅដោតចូលព្រី ដើម្បីប្រើប្រាស់បុកបំបែកបេតុងបើកផ្លូវទឹក ហើយខណ:នោះដៃជើងរបស់គាត់សើមរៀងផង ។ បន្ទាប់ពីដោតឌុយរួច បានកាន់ច្របាច់កុងតាក់សាកមើល ដើម្បីចង់ដឹងថា មានភ្លើងចូលហើយឬនៅ ក៏ស្រាប់តែម៉ូទ័រឆ្លងភ្លើងឆក់ដួលទាំងកម្រោលសន្លប់ស្ដូកស្ដឹងតែម្ដង ។

បន្ទាប់មកទៀតមិត្តភក្តិរួមការងារ បានដកភ្លើងចេញ ចំណែកប្រជាពលរដ្ឋបានជួយ ហៅក្រុមសង្រ្គោះ ទៅជួយដឹកយកទៅសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ក្រុមសង្រ្គោះបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយមិនអាចជួយសង្រ្គោះបានឡើយ ។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានរាយការណ៍ ជូននគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់