ព័ត៌មានជាតិ

ទឹកក្រូច មី សាច់ចម្រុះ សាប៊ូ ហួសកាលបរិច្ឆទ២៧៥.១០គីឡូក្រាម ត្រូវបានរកឃើញនៅតាមផ្សារនិងផ្ទះលក់ទំនិញ

រតនគិរី:​ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះលក់ទំនិញជុំវិញផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

  • ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៧៥.១០គីឡូក្រាម មានដូចជា៖
    -ទឹកក្រូចដបតូចចំនួន ៦៤២ដបតូច ស្មើនឹង ២៣៦.៦គីឡូក្រាម
    -ទឹកក្រូចដបធំចំនួន ១០ដប ស្មើនឹង ១០.៥០គីឡូក្រាម
    -មីចំនួន ៤១កំប៉ុង ស្មើនឹង ៤.០០គីឡូក្រាម
    -សាច់ចម្រុះ(សាច់ក្រក ប្រហិតនិងប៉ាត់តេ) ចំនួន ២៨ដុំ ស្មើនឹង ២០.០០គីឡូក្រាម
    -សាប៊ូចំនួន ៣២ដុំ ស្មើនឹង ៤.០០ គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់