ព័ត៌មានជាតិ

(ខ្សឹប) មន្ត្រីអាកាសចរស៊ីវិលចាំអ៊ុតអាប៉ោង ថ្ងៃ៦ឧសភាស្អែកនេះ នឹងត្រៀមកង់ឡាន…!

ភ្នំពេញ: ក្រុមមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានជួបនាយ ក្តាមប្រៃ យើងដោយចៃដន្យនៅទាមកាហ្វេ ចិញ្ចើមផ្លូវក្រោមដើមជ្រៃក្រឹម មុខផែថ្មភ្នំពេញ កាលពីព្រឹកមិញ និងបានចាប់ដៃរលាក់សួរ ពីសុខទុក្ខបាត់មុខបាត់មាត់ ក្រោយពីបែកគ្នារាប់ខែមកនោះ។

ក្រោយពីផឹកកាហ្វេ និងសួរសុខទុក្ខគ្នារួច ក្រុមមន្ត្រីអាកាសចរនោះបាននិយាយត្អូញត្អែរអំពីរឿងរ៉ាវការដោះដូរទីតាំងអាកាសចរស៊ីវិល ហើយថ្នាក់ដឹកនាំអង្គភាព ប្រកាសសន្យាថានឹងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ដល់បុគ្គលិក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ។

ក្រុមមន្ត្រីខាងលើបាននិយាយប្រាប់នាយ ក្តាមប្រៃ យើងដោយបានដកដង្ហើមធំៗថា
តាមពិតមិនមែនពួកគេសប្បាយចិត្ត និងរឿងថ្នាក់លើ ប្រកាសចែកប្រាក់ឧបត្ថម្ភនោះទេ គឺពួកគេ ឮថាប្រាក់ឧបត្ថម្ភ ដែលថ្នាក់លើត្រៀមចែកនោះ ម្នាក់ៗបានតែប៉ុន្មានរយដុល្លារប៉ុណ្ណោះ ខណៈលុយដែលបានមកពីការដោះដូរ ទីតាំងអគាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានដល់រាប់លានដុល្លារឯណ្ណោះ។

ពួកគាត់បានប្រាប់នាយ ក្តាមប្រៃ ដោយសម្តីម៉ឺងម៉ាត់ថា បើថ្នាក់ដឹងនាំអង្គភាពចែកប្រាក់ខ្ទង់រយដុល្លារដូចព័ត៌មានធ្លាយមកនោះ ពួកគាត់នឹងប្រកាសត្រៀមដុតកង់ឡាន តវ៉ាទៀតផង ប្រសិនបើប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលថ្នាក់លើចែកឲ្យតិចតួច ដែលធ្វើឱ្យបុគ្គលិក មិនអាចទទួលយកបាននោះ។

មន្ត្រីទាំងនោះបាននិយាយបែបសើចតិចៗ ប្រាប់នាយក្តាមប្រៃថា អាប៉ោងបើកគ្រប នៅថ្ងៃទី៦ឧសភាស្អែកនេះ យើងនឹងចាំអ៊ុតទាំងអស់គ្នាសិន ថាវាចេញក្រាស់ ឬ ស្តើង ហើយបើមេក្រឡុកចេញមក ក្រាស់វាមិនអីទេ តែបើចេញស្តើងវិញ ច្បាស់ជាមានការតវ៉ាដុតកង់ឡាន មិនខានឡើយ។

ក្រុមមន្ត្រីដ៍ដែលនោះបាន សូមឲ្យនាយក្តាមប្រៃ ខ្សឹប តាម Post News ជួយយកសម្តីរបស់ពួកគេ ទៅខ្សឹប ក្រែងបានឮ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសម្ដេចបានជួយដោះស្រាយយុត្តិធម៌ផង។

បញ្ហាការដោះដូរអគាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះ នាយក្តាមប្រៃយើង នៅចាំបានថា កាលពី៤ ទៅ៥ឆ្នាំមុន ទីតាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះ ត្រូវបានគេលើកគម្រោង ដោះដូរ ទៅឲ្យឯកជនម្ដងហើយ តែកាលណោះតម្លៃនៃការដោះដូរ គេវាយតម្លៃតែជាង៣លានដុល្លារប៉ុណ្ណោះ ហើយថ្នាក់លើគ្រោងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកម្នាក់ បីបួនរយដុល្លារ ធ្វើឲ្យបុគ្គលិកភាគច្រើន មិនសុខចិត្តក៏សរសេរលិខិតប្ដឹង ទៅសម្ដេចតេជោ ហើយសម្ដេចក៏បញ្ជាឲ្យផ្អាក និងឲ្យក្រសួងសេដ្ឋកិច្ច ធ្វើការវាយតម្លៃឡើងវិញ។

ចុងក្រោយឮថា តម្លៃនៃការដោះដូរ គឺជាង៦លានដុល្លារ ដោយក្រុមហ៊ុនទទួលសិទ្ធិ នឹងធ្វើការសាងសង់អគារ នៅលើដីរដ្ឋក្នុងបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យ។ អគារដែលក្រុមហ៊ុនសង់ ជិតរួចរាល់នោះ ស្រាប់តែ អគ្គនាយករដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្ដីជូនដំណឹងដល់ ថ្នាក់ដឹកនាំមន្ត្រីរាជការ ថ្នាក់កណ្ដាល ចំណុះឲ្យរដ្ឋលេខាធិការដ្ឋានទាំងអស់ មកបើកប្រាក់ឧបត្ថម្ភនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដែលការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានបុគ្គលិកភាគច្រើន អះអាងថាគ្មានអ្វី ក្រៅពីលុយបានមកពីការដោះដូរ ទីតាំងអគាររដ្ឋលេខាធិការដ្ឋាននោះទេ ហើយពួកគេឮថាបុគ្គលិកម្នាក់ៗ ទំនងបាន៣០០ ទៅ៤០០ដុល្លារតែប៉ុណ្ណោះ។

ពួកគេលើកឡើងថាបើបានប៉ុណ្ណេះមែន ពួកគេមិនសុខចិត្តទេ ព្រោះអ្នកខ្លះខំធ្វើការខាំស្មៅ២០ ទៅ៣០ឆ្នាំ មកហើយ លុយដោះដូរ បានរាប់លានដុល្លារ រឿងអីចែកឲ្យពួកគេម្នាក់បាន៣ទៅ៤ដុល្លារបែបនេះ ធ្វើឱ្យពួកគាត់មិនអាចទទួលយកបានទេ។

រឿងរ៉ាវយ៉ាងណានោះ នាយក្តាមប្រៃយើងមិនហ៊ាននិយាយអារកាត់អីទេ គឺរងចាំអ៊ុតមើលអាប៉ោងបើកនៅថ្ងៃស្អែកទាំងអស់គ្នា៕

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

 

មតិយោបល់