ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធអំពើលួច

សៀមរាបៈ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដោយមានការចូលរួមពីបងប្អូនប្រជាការពារសង្កាត់ជ្រាវ សហការជាមួយផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតបានម៉ូតូ ១គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ស (បិទស្គុតពណ៌ខៀវ) ស៊េរីឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប យកមកធ្វើការសួរនាំ ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា រូបគេមានឈ្មោះ សារ សារី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជុំនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់បន្ទប់ជួល មួយកន្លែងក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ហើយយកទៅបិតស្គុតពណ៌ខៀវ និងដោះស្លាកលេខចេញ ដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងអ្នកដទៃកុំឱ្យមើលស្គាល់ថាជាម៉ូតូដែលរូបគេបានធ្វើសកម្មភាពលួចបាន។

ម៉ូតូដែលដកហូតបានមកវិញខាងលើនេះពាក់ស្លាកលេខ សៀមរាប 1AH-3681 មានលេខតួនិងលេខម៉ាស៊ីន ៨១៧១៥៥៨ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពីដាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប បានបាត់ដោយសារមានជនមិនស្គាល់មុខលួចយក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០កន្លងនៅចំណុច មុខការដ្ឋានសំណង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ បន្ទាប់ពីបានរកឃើញមកវិញ និងដោយមានការឯកភាពពីលោក ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាបយើងបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញរួចហើយ ។

ចំណែកជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់