ព័ត៌មានជាតិ

បុរសម្នាក់ត្រូវអាវុធហត្ថឃាត់ខ្លួន ពីបទរួមភេទជាមួយអនីតិជន

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ពីបទរួមភេទជាមួយអនីតិជន ។

លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖​ ក្រោយពីទទួលបានពាក្យបណ្តឹង របស់ឈ្មោះ រឿន ចក់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ។ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅវេលាម៉ោង០៦និង១៥នាទីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងជំនាញនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខៀវ វិច្ឆិកា (ហៅកា) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីយកមកសាកសួរ ។

លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា៖ ក្រោយពីសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ ជាច្រើនដងពិតប្រាកដមែន ដោយជនរងគ្រោះស្ម័គ្រចិត្តរួមភេទជាមួយខ្លួន ហើយទទួលយកថ្នូរជាប្រាក់។ ដោយផ្អែកលើមានបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ នៃបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ ដល់អំឡុងខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ ខៀវ វិច្ឆិកា ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយ៕

មតិយោបល់