ព័ត៌មានជាតិ

ក្របួចជាប់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីកាច់សោកម៉ូតូ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន OCIC

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមនឹងកម្លាំងសន្តិសុខក្រុមហ៊ុន OCIC បានធ្វើការដេញចាប់យ៉ាងប្រផាប់ប្រភីង ក្រោយធ្វើសកម្មភាព កាច់សោកម៉ូតូ ហុងដាឌ្រីមាត់ សេ១២៥ ស៊េរីឆ្នាំ២០២០ ពីប្រជាពលរដ្ឋម្នាក់ ដែលទុកនៅមុខកន្លែងស្នាក់នៅ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ នៅចំណុច ការដ្ឋាន OCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើតខេត្តត្បូងឃ្មុំ និង ជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ដែលជិះម៉ូតូម៉ាកស៊ូមមើ។ ចំណែកជនរងគ្រោះឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុន OCIC ស្នាក់នៅការដ្ឋាន។

តាមប្រភពពីបងជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូ នៅមុខកន្លែងស្នាក់នៅ ក៏បានចូលទៅក្នុងហូបបាយ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ zoomer xមួយគ្រឿងមិនចាំផ្លាកលេខ បានមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចជិះចេញពេលនោះជនរងគ្រោះបានឃើញ ស្រែកឆោឡោផ្អើលដល់សន្តិសុខ ដែលយាមកាមនៅក្នុងក្រុមហ៊ុន OCIC បានបោះដៃតាមវិទ្យុទាក់ទង រហូតជូបជាមួយសមត្ថកិច្ចឡោមព័ទ្ធដេញប្រផាប់ចាប់ប្រភីង ជាមួយនឹងជនសង្ស័យ ដល់ផ្លូវជាតិលេខ6 មុខសណ្ឋាគារមេគង្គ ទើបសមត្ថកិច្ចចាប់បានជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះយកមកសាកសួរ នៅអធិការនគរបាលខណ្ឌជ្រោយចង្វា។

បច្ចុប្បន្នជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ចូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់