ព័ត៌មានជាតិ

ទំនិញហួសកាលបរិច្ឆទប្រើប្រាស់ ៣៨៦.៨៩ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដកហូត

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFបានឲ្យដឹងថា ថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាហាង និងផ្ទះលក់ទំនិញតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់