ព័ត៌មានជាតិ

រថយន្តបុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ រួចបើកគេចខ្លួនបាត់ស្រមោល

កំពង់ស្ពឺ: នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ៣០-៣១ នៅចំណុចភូមិត្រពាំងស្យារ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងរថយន្តបុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្ដបង្កបានបើករត់គេចខ្លួនបាត់ បន្ទាប់ពីបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា WAVe ពណ៌ខ្មៅ គ្មានពាក់ផ្លាក អ្នកបើកបរម៉ូតូឈ្មោះ សុន ស្រស់ ភេទប្រុស អាយុ៣១ឆ្នាំ បើកបរពីទិសខាងជើង ឆ្ពោះទៅខាងត្បូង ជនរងគ្រោះមានទីលំនៅភូមិបឹងព័ត ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការពិនិត្យតាមនីតិវិធី ។ ម៉ូតូនិងសាកសព កម្លាំងជំនាញបានប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កកំពុងស្រាវជ្រាវ ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយ ៕

មតិយោបល់