(ប៉ារីស)៖ ប្រទេសហុងគ្រី អ៉ីស្រាអែល និងអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកម្មវិធីស៊ើបការណ៍សម្ងាត់ផលិត ដោយក្រុមហ៊ុនអ៉ីស្រាអែលត្រូវបានគេប្រើប្រាស់ដើម្បីប្រមូលព័ត៌មាន និងតាមដានអ្នកសារព័ត៌មាន, សកម្មជនសិទ្ធិមនុស្ស ព្រមទាំងប្រមុខរដ្ឋចំនួន១៤នាក់ ក្នុងនោះ
រួមមានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុងដែលបានសម្រេចចិត្តប្ដូរទូរស័ព្ទដៃថ្មី។
លោក ម៉ាក្រុង ដែលស្ថិតក្នុងបញ្ជីឈ្មោះប្រមុខរដ្ឋដែលត្រូវបានគេស៊ើបការណ៍ដែរនោះបានបញ្ជាឱ្យមានការពង្រឹងសន្តិសុខឡើងវិញ ហើយលោកផ្ទាល់ក៏បានប្ដូរទូរស័ព្ទ និងលេខទូរស័ព្ទថ្មីផងដែរដោយសារបារម្ភខ្លាចត្រូវបានគេលួចតាមដាន ហើយការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីលោកម៉ាក្រុងបើកកិច្ចប្រជុំបន្ទាន់ជាមួយ ក្រុមប្រឹក្សាការពារជាតិបារាំង។
កម្មវិធី Pegasus ផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល NSO ត្រូវបានគេរាយការណ៍ថាអាចបញ្ជាលើកាមេរ៉ាទូរស័ព្ទដៃ ឬ microphone ដើម្បីប្រមូលព័ត៌មានក៏ដូចជា តាមដានលើអ្នកប្រើប្រាស់ទូរស័ព្ទដៃ ហើយបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន Washington Post, the Guardian មនុស្សប្រហែល ៥០,០០០នាក់ នៅតាមប្រទេសជាច្រើនបានស្ថិតនៅក្រោមគោលដៅនៃការស៊ើបការណ៍សម្ងាត់ដោយកម្មវិធីមួយនេះ រាប់ចាប់ពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក រហូតដល់ឥណ្ឌា៕
ប្រភព៖ AFP
មតិយោបល់