ព័ត៌មានជាតិ

ជនសង្ស័យម្នាក់មុខសញ្ញាលួចម៉ូតូដ៏សកម្មត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូត១គ្រឿង ដែលបានបាត់ឆ្នាំ២០១៩កន្លងទៅយកមកប្រគល់ជូនជនរងគ្រោះ

សៀមរាប: កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចម្រើន អធិការនៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន សក្ត័ិចម្រើន រិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ចំនួន០១គ្រឿង មកអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីសាកសួរនាំ ។

ការឃាត់ខ្លួននេះ ធ្វើឡើង ដោយយោងតាមពាក្យបណ្តឹង និងការបំភ្លឺរបស់ជនរងគ្រោះ ករណីជនសង្ស័យចំនួន០២រូបជិះម៉ូតូ០១គ្រឿងលួចយកម៉ូតូម៉ាកហុងដាឌ្រីម០១គ្រឿង នៅកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅចំណុចក្បែរត្រពាំង ភូមិក្រសាំងរលើង សង្កាត់សៀមរាប ដោយកម្លាំងនគរបាលជំនាញយើងបានសន្និដ្ឋានថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ។

បន្ទាប់ពីនាំមកដល់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរនាំ ជនសង្ស័យរូបនេះបានសារភាពថារូបគេមានឈ្មោះប៉ាន់ គឹមឈន ហៅទិត្យ ម៉ៅ ឬស្វិត ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ទើបចេញពីពន្ធធានាគារពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ)កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ។

ចំណែកម៉ូតូដែលដកហូតមកបាន មានម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បិទតែមសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ(ក្លែងបន្លំ) ព្រៃវែង1E-4448 លេខតួ/លេខម៉ាស៊ីន៩១៨០៤០៦ ក្រោយធ្វើការស្រាវជ្រាវទើបយើងដឹងថា ជាម៉ូតូដែលមានក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះរឿម សារី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានបាត់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជាមួយគ្នានេះយើងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យខាងលើលទ្ធផល គឺ វិជ្ជមាន។ ចំណែកបក្ខពួកជនសង្ស័យនិងម៉ូតូចំនួន០១គ្រឿងទៀតយើងកំពុងស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ចំណែកម៉ូតូដែលយើងធ្វើការដករហូតបានមកវិញនេះ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ យើងបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ ៕

 

មតិយោបល់