ភ្នំពេញៈ នៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានករណីមនុស្សធ្លាក់ពីលើអគារ បណ្តាលឲ្យរងរបួសបុរសម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចសណ្ឋាគារឡុងលីវ ផ្លូវ៣១២ ក្រុម២៣ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សួន វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរពលករមកពីរប្រទេសម៉ាឡេស៊ី ស្នាក់នៅសណ្ឋាគារ ឡុង លីវ បន្ទប់លេខ៥១១ ជាន់ទី៥ (មកធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារ ឡុង លីវ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០) ។
ដំណើររឿងហេតុ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹក សាក្សីឈ្មោះ មៀវ ណ្ណារ៉ា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់សណ្ឋាគារ ឡុង លីវ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា ខ្លួនបានដើរត្រឡប់ពីហាត់ប្រាណ មកកាន់សណ្ឋាគារ ឡុង លីវ វិញ លុះពេលមកដល់ខ្លួនក៏បានដើរត្រួតពិនិត្យជុំវិញសណ្ឋាគារ ពេលដើរមកដល់ជាន់ទី១ ក៏បានក្រឡេកមើលទៅលើដំបូលរបស់ថ្នាក់រៀន នៅក្នុងបរិវេណសាលាបឋមសិក្សា សុធារស ដែលនៅក្បែរសណ្ឋាគារ ឡុង លីវ ដោយមាន ឃើញស្នាមបែកធ្លុះដំបូលស៊ីហ្រ្វូក៏ប្រាប់ឲ្យបុគ្គលិកសណ្ឋាគារ ម្នាក់ឈ្មោះ សាម៉េត សុខជា ឲ្យឡើងទៅមើល ពេលឈ្មោះ សាម៉េត សុខជា ឡើងទៅដល់អើតមើលប្រឡោះដំបូលថ្នាក់រៀនដែលបែកនោះ ក៏ឃើញមានជនរងគ្រោះឈ្មោះ សួន វាសនា ដែលបានមកធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ឡុង លីវ នោះបានដេកផ្ងារនៅលើឥដ្ឋការ៉ូក្នុងថ្នាក់រៀន រួចក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាល សង្កាត់ទន្លេបាសាក់ បន្ចាប់មកនគរបាលបានចុះមកត្រួតពិនិត្យភ្លាមៗ ហើយក៏បានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះ ដោយជនរងគ្រោះ មានរបួសបែកក្បាលនិងស្នាមឆូតលើដងខ្លួនរងរបួសស្រាល បច្ចុប្បន្នត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ។
មូលហេតុ៖ នៃការធ្លាក់របស់ជនរងគ្រោះគឺមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕
មតិយោបល់