ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រា ដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះចោល

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ ផឹកស្រាស្រវឹង ហើយតែងតែបង្ករករឿងឈ្លោះក្នុងគ្រួសារ បានខឹងប្រពន្ធ បានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធ តែត្រូវប្រពន្ធដឹងខ្លួនទាន់ក៏រត់គេចផុតរួចខ្លួន តែត្រូវបុរសជាប្តីដុតផ្ទះចោលកាលពីវេលា១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានឲ្យដឹងថា៖ តាមបណ្តឹងពីឈ្មោះ ព្រឹម បួត ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យថា មានឈ្មោះ វ៉ាន វ៉ោន ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវជាប្ដីរបស់គាត់ មកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នាជាមួយនឹង គាត់រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីកំណាច បានទាញកាំបិតខ្វែវដេញកាប់តែគាត់រត់គេចផុត ។

ដោយមិនអស់ចិត្តប្តីរូបនេះ បានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះបាយបណ្តាឲ្យ អស់៨០% និងឆេះរបស់របរ នៅក្នុងផ្ទះបាយមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសម្ភារ:មួយចំនួនទៀត។ ម្យ៉ាងវិញទៀតប្តីនេះ គឺ ផឹកស្រាស្រវឹង ជាប្រចាំ ហើយប្រច័ណ្ឌគាត់ ពេលគាត់ទៅដើររើសគួរស្រូវយកមកបុកអង្ករដាំបាយហូបបែរចោទថាគាត់មានប្រុស។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពេលទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្រ្កាប ធ្វើការនាំខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា ខ្លួនពិតជាបានដេញកាប់ប្រពន្ធនិងដុតផ្ទះបាយចោលមែន ។

ដោយផ្អែកលើចម្លើយសារភាពនិងបណ្តឹង ព្រមទាំងសំណូមពរ ជនរងគ្រោះជាប្រពន្ធ សុំឲ្យសមត្ថកិច្ចចាត់ការប្តីកំណាចនេះ តាមវិធានការច្បាប់នោះ ជនបង្កឈ្មោះវ៉ាន វ៉ោន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត៕

មតិយោបល់