ព័ត៌មានជាតិ

ចម្ងល់ពលរដ្ឋ ថាតើ៖ សមត្ថកិច្ចហ៊ាន ចាត់ការរឿងជនបង្ក វ៉ៃលោកមេប៉ុស្តិ៍សង្កាត់រលួសដែរឬទេ? សង្ស័យស្ងាត់បាត់ហើយមើលទៅ!!!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយ រវាងម៉ូតូ និងរថយន្ត បានបង្កឲ្យមានការឈ្លោះប្រកែកគ្នា រហូតផ្ទុះជាហិង្សាវាយតប់គ្នា ក៏ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះភាគីជម្លោះទាំងពីរតែម្ដង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលគួរស្រូវ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្តឈ្មោះ ឆាយ សុភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ និងអ្នកបើកម៉ូតូឈ្មោះ ចឹក សុខនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5389 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២១៧ ។ លុះមកដល់ចំណុចកើតហេតុ ក៏មានមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AD-3562 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ព្យាយាមវ៉ាជែងរថយន្តខាងលើ ក៏ត្រូវរថយន្តបុក បណ្តាលឲ្យវៀចផ្លាកលេខម៉ូតូ រីឯរថយន្តខូចខាតឆ្កូតបន្តិចបន្តួចប៉ុណ្ណោះ តែពុំបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ភ្លាមៗនោះ ភាគីទាំង២ បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ដោយនិយាយយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចប្រចាំការនៅទីតាំងកើតហេតុ បានចុះមកជួយអន្តរាគមន៍ សម្របសម្រួលភាគីទាំងពីរ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន រហូតឈានដល់ការប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ថែមទាំងវាយត្រូវលោកមេប៉ុស្តិ៍សង្កាត់រលួស២ដៃ ដែលបានចូលទៅឃាត់ភាគីទាំងពីរឲ្យរងរបួសថែមទៀត។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ក៏បានចាប់ភាគីទាំងពីរ វាយខ្នោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ យើងសង្កេតឃើញថា មានភាគីម្ខាង បានតេទូរស័ព្ទខ្វែងដៃខ្វែងជើង ដើម្បីរកអ្នកមកអន្តរាគមន៍ ប្រហែលជាមានខ្នងអ្នកធំហើយមើលទៅ។ យ៉ាងណាមិញ ពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ថាតើហ៊ានចាត់ការរឿងនេះដែរឬទេ សង្ស័យបែបទៅមិនរួចទេ ព្រោះទឹកត្រជាក់ហើយ៕

មតិយោបល់