ព័ត៌មានជាតិ

សម្តេចតេជោ៖ ទម្រាំរកបានសន្តិភាពពិបាកណាស់ មិនត្រូវឲ្យមនុស្ស៤.៥នាក់មកបំផ្លាញនោះទេ

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឱកាសដំបូងបំផុតដែលផ្តល់ឱ្យយុវជនគឺសន្តិភាពដែលយើងបាត់បង់តាំងពីឆ្នាំ១៩៧៩ ហើយទម្រាំរកបានសន្តិភាពពិបាកណាស់ យើងមិនត្រូវឲ្យមនុស្ស៤.៥នាក់មកបំផ្លាញនោះទេ ហើយអ្នកណាបំផ្លាញ សន្តិភាពប្រទេស ត្រូវទទួលទណ្ឌកម្មច្បាប់របស់ប្រទេស។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតអាយ អាយ ស៊ី នាព្រឹកថ្ងៃទី១២ឧសភានេះ នៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា មិនប្រាកដថា កូនអ្នកកើតក្នុងត្រកូលអ្នកមាន មានអំណាចប្រាកដគ្រាន់បើនោះទេ មានកូនអ្នកក្រច្រើនមាន សមត្ថភាព តែត្រូវផ្តល់ឱកាសឲ្យពួកគេ គឺការរក្សាសន្តិភាព និងស្ថិរភាពនយោបាយរបស់ប្រទេស ដែលនេះគឺជារឿងសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលត្រូវរក្សាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ អ្នកណាដែលបំផ្លាញសន្តិភាពរបស់ប្រទេស ត្រូវទទួលទណ្ឌកម្មពីច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដើម្បីបានសន្តិភាពនេះ សម្តេចបានសម្រេចចិត្តចូលជម្រកខ្មែរក្រហមបើកការចរចា បើទោះបីមានការហាមឃាត់ពីម្តាយ និងអ៊ុរបស់សម្តេចក៏ដោយ។ សម្តេចបានគិតថា បើសម្តេចចូលទៅហើយមានគ្រោះថ្នាក់ គ្រោះថ្នាក់តែសម្តេច តែបើរកចរចាបានវិញ គឺនាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋមួយប្រទេស។ សម្តេចបានបញ្ជាក់ថា ផ្តើមពីការចរចានេះ សុខសន្តិភាពបានកើតមាន ពាសពេញផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ មក ហើយបច្ចុប្បន្នពលរដ្ឋខ្មែរអាចធ្វើដំណើរទៅគ្រប់កន្លែងគ្មាននរណាហាមឃាត់នោះឡើយ។

សម្តេចតេជោ បានប្រកាសថា សម្តេចប្តេជ្ញាមិនឲ្យយុវជនជំនាន់ថ្មីលំបាកដូចសម្តេច ដែលត្រូវឃ្លាតឆ្ងាយពីឪពុក-ម្តាយ ត្រឹមអាយុ១៣ឆ្នាំ ដើម្បីស្វែងរកវិជ្ជា។ ដូច្នេះដើម្បីធ្វើឲ្យយុវជនមិនឲ្យជួបផលលំបាកបែបនេះ សាលារៀនជាច្រើនត្រូវបានសាងសង់ទៅកៀកផ្ទះប្រជាពលរដ្ឋ ហើយគ្រូបង្រៀនជាច្រើនត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់ការអប់រំ។

សម្តេចតេជោ បានដាក់ជាសំណួរថា តើប្រទេសណា ដែលយើងនាំគ្នាត្រូវប្រឹងឲ្យបានដូចនោះ ព្រោះប្រទេសអ្នកមានខ្លះ ប្រើអំណាចកៀបសង្កត់ប្រទេសដទៃ។ សម្តេចបានបញ្ជាក់ថា ព្រោះតែនៅលើពិភពលោកនេះ ប្រទេសលើពិភពលោកមិនមានស្តង់ដាតែមួយនេះហើយ ទើបសម្តេចកម្រប្រើពាក្យថា អភិវឌ្ឍឲ្យរីកចម្រើនឲ្យបណ្តារីកចម្រើនានានៅលើពិភពលោក។
ពាក់ព័ន្ធនឹងកូនប្រុសច្បងរបស់សម្តេចឯណេះវិញ សម្តេចតេជោ ហ៊ុន សែន បានសរសើរកូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ថា នៅតែមានកាយសប្បទារឹងមាំ និងបញ្ញាស្មារតីខ្លាំងពូកែ បើទោះបីកើតក្នុងរបបខ្មែរក្រហម គ្មានអាហារបំប៉ន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្តី។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចតែងតែព្រួយបារម្ភខ្លាចលោក ហ៊ុន ម៉ាណែត មិនអាចរៀនពូកែដូចកូនៗកើតនៅរាជធានីភ្នំពេញ តែទីបំផុត លោក ហ៊ុន ម៉ាណែត ប្រឡងចូលសាលាយោធា West Point របស់អាមេរិក ដែលមានកូនខ្មែរម្នាក់គត់ដែលរៀនចប់នៅសាលានោះ។

* សម្តេចតេជោ ក៏បានរំលឹកពីប្រវត្តិជូរចត់ និងអាណោចអាធ័មក្នុងជីវិតរបស់សម្តេចនៅក្នុងរបបខ្មែរ និងក្រោយរំដោះ ហើយក៏បានរំលឹកដល់ការលើកឡើងរបស់ក្រុមបក្សប្រឆាំង ដែលបានមូលបង្កាច់ថា កូនរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្តេច និងភរិយាសម្តេចជាកូនមេដឹកនាំវៀតណាម។ សម្តេចបានរំលឹកថា លោក ហ៊ុន ម៉ាណែត ធ្លាប់បានទាមទារឲ្យសម្តេចធ្វើការពិនិត្យ DNA ដើម្បីដាក់លក្ខខណ្ឌជាមួយបក្សប្រឆាំងថា បើ DNA ដូចគ្នា ឲ្យបក្សប្រឆាំងដកខ្លួនពីឆាកនយោបាយ ហើយបើ DNA មិនដូចគ្នាខាងសម្តេច ក៏ដកខ្លួនពីឆាកនយោបាយផងដែរ។ តែត្រូវសម្តេចបញ្ជាក់ថា កុំឲ្យខ្វល់ជាមួយសម្តីអត់ប្រយោជន៍របស់បក្សប្រឆាំង។ សម្តេចតេជោ បានហៅការលើកឡើងនេះ គឺជាការប្រមាថធំបំផុត។

សម្តេចបញ្ជាក់ថា បើគ្មានការកែតម្រូវណាមួយទេ កុំគិតថា យកដៃរបស់សម្តេចទៅចុះហត្ថលេខាអ្វីមួយ ពោលដំណើរការច្បាប់ គឺនៅតែដំណើរការដដែល៕

photo_2016-05-12_09-43-20 photo_2016-05-12_09-43-18 photo_2016-05-12_09-43-19 photo_2016-05-12_09-43-16 photo_2016-05-12_09-43-17 photo_2016-05-12_09-43-20 (2) photo_2016-05-12_09-43-15

មតិយោបល់