ព័ត៌មានជាតិ

សង្វេគណាស់! បុរសម្នាក់ ទៅបង់សំណាញ់ ខណៈមេឃកំពុងភ្លៀង ត្រូវរន្ទះខែប្រាំងបាញ់ស្លាប់ នៅកន្លែងបង់ត្រី

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់កំពុងបង់ត្រីត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅចម្ងាយ១,៥០០ម៉ែត្រ ខាងលិច ភូមិប៉ោយស្នួល ឃុំប៉ោយចារណ៍ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង០២ និង៤០នាទីរសៀល ។ លោកអធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ព្រឿង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមានអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នា ទៅបង់ត្រីនៅចំណុចប្រឡាយទំនប់ធំខាងលិចភូមិប៉ោយស្នួលចំងាយ១,៥០០ ម៉ែត្រ។ នៅពេលដែលកំពុងបង់នោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេ(មធ្យម) ហើយអ្នកបង់ត្រីទាំងនោះ រួមទាំងជនរងគ្រោះ បាននាំគ្នាទៅជ្រកនៅរោងក្បែរកន្លែងបង់ត្រី។ បន្ទាប់មកក្រោយភ្លៀងបង្អោរស្រិចៗ ជនរងគ្រោះនិង ក្មេងៗចំនួន០២នាក់ទៀតបានចេញពីរោង ដើម្បីបង់ត្រីទៀត នៅពេលកំពុងតែឈររលាស់សំណាញ់ក៏ត្រូវរន្ទះបាញ់ជនរងគ្រោះដែលឈរនៅកណ្តាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងបង់នោះតែម្តង ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ជនរងគ្រោះមានរហែកខោនិងស្នាមជាំជិតគ្រលៀន ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាដកមែន ។ ក្រោយពិនិត្យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់