បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អតាមទីសាធារណៈ ទប់ស្កាត់នូវការបង្កឲ្យបាត់បង់នូវ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលផ្តើមចេញពីក្រុមក្មេងទំនើង ដូចជាធ្វើសកម្មភាពបង្ហោះម៉ូតូ កែច្នៃបំពង់ស៊ីម៉ាំងលាន់លឺខ្លាំង និងវាយតប់គ្នានៅតាមផ្លូវសាធារណៈពេលថ្ងៃឬពេលយប់នោះ ពិសេសដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងជំនាញ ចុះបង្ក្រាបក្រុមក្មេងទំនើងដូចជាបង្ហោះម៉ូតូ ម៉ូតូដាក់ស៊ីម៉ាំងកែច្នៃឮខ្លាំងនិងវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ដើម្បីថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាឲ្យក្រុមអន្តរាគមន៍ផែនព្រហ្មទណ្ឌ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ចុះបង្ក្រាបក្មេងទំនើង១ក្រុម ក្នុងនោះមាន បង្ហោះម៉ូតូ ម៉ូតូដាក់ស៊ីម៉ាំងកែច្នៃលឺខ្លាំង វាយតប់គ្នាបញ្ជូនមកស្នងការដ្ឋានដើម្បីធ្វើការអប់រំដកហូតបំពង់ស៊ីម៉ាំងកែច្នៃរក្សាទុក ។
លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់ ឲ្យដឹងទៀតថា៖ ការបង្ក្រាបក្មេងទំនើងទាំងអស់នេះគឺដើម្បីថែរក្សាសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងដងផ្លូវសាធារណៈ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ ។
លោកឧត្ដមសេនីយ៍ត្រីនូ ជីវ័ន្ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធ្វើការធានាយកទៅអប់រំបន្ត តែបើមានជាលើកក្រោយទៀត នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល ៕
មតិយោបល់