ព័ត៌មានជាតិ

រថយន្ត សាំយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2AD.7907 បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

ក្រចេះ: នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុរសម្នាក់ នៅលើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចមុខទីស្នាក់ការអង្គការ ការពារអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ករណីគ្រោះថ្នាក់ចរាវចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD.7907 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លូនបាត់) បានធ្វើដំណើរពីទិសខាងជើង មកទិសខាងត្បូង មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1F.2096 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងត្បូង មកទិសខាងជើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើការវាស់វែង យកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការការដ្ឋាននគរបាលក្រុងក្រចេះ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់