ព័ត៌មានជាតិ

មុខរបរត្រឹមត្រូវមិនធ្វើ បែរជាដើរលួចម៉ូតូ មានអីប៉ះចំថ្ងៃស៊យ ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌសែនសុខ ដេញបង្ក្រាបចាប់ខ្លួនជនសង្ស័យ២នាក់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតូ មិនបានសម្រេច ម្ចាស់ចេញមកទាន់ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់៖ ១-ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ,២-ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ ។

តាមប្រពភពព័ត៌មានពីនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបនាងទុកម៉ូតូ ZOOER ពណ៌ក្រហម ពាក់ផ្លាកលេខ ក្រចេះ 1D-6430 នៅមុខផ្ទះជួល ចាក់សោកត្រឹមត្រូវ រវល់រៀបចំខ្លួនទៅសាលា ក្រឡេកមើលឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-9181 មកដល់ធ្វើសកម្មភាពកាច់សោកម៉ូតូរបស់នាង ទើបស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ ជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់គេចចុះទឹកស្រះ ស្របពេលដែលកម្លាំងល្បាត របស់នគរបាលខណ្ឌសែនសុខ ទៅដល់ដេញតាមចាប់ខ្លួនបានទាំង២នាក់ភ្លាមៗ ដកហូតបានម៉ូតូ១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ៕

មតិយោបល់