ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលចុះល្បាតឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កម្លាំងអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះដល់ចំណុចច្រកចូលសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញជនសង្ស័យម្នាក់ឈ្មោះ យ៉េន យ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងឈរលក់ថ្នាំញៀន ក៏ធ្វើការឃាត់ត្រួតពិនិត្យឃើញមានក្រាមពណ៌សថ្លាចំនួន០៨ កញ្ចប់ថង់តូច (សង្ស័យជាថ្នាំញៀន) លាក់ទុកក្នុងហោប៉ៅខោខាងមុខ ក៏ឃាត់យកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

ក្រោយធ្វើការសាកសួរជនសង្ស័យឈ្មោះ យ៉េន យ៉ាន់ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនចំនួន០៨កញ្ចប់ថង់តូច ខ្ញុំបានទិញក្នុងតម្លៃប្រាំម៉ឺនរៀលពីឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ដើម្បីយកលក់បន្តក្នុងតម្លៃមួយម៉ឺនរៀលក្នុងមួយកញ្ចប់ រហូតដល់វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌមានជ័យ បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងធ្វើការត្រួតពិនិត្យផ្ទះខាងលើ ចាប់យកវត្ថុតាងក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ថង់តូច ,កូនកាបូបតូចមួយពណ៌ពងមាន់, កូនថង់តូចៗ សំរាប់ច្រកថ្នាំញៀនមួយចំនួន ។

ដោយបានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមជាមួយសាលាសង្កាត់ ចាក់អង្រែលើហើយ ឃាត់ជនសង្ស័យទាំង០២នាក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់